អាជ្ញាធរ​ខេត្តព្រះសីហនុ ថា​ការ​ជួយ​សង្គ្រោះ​ចំណាយ​ពេល​យូរ​ដោយ​សារ​ភាព​រញ៉េរញ៉ៃ​នៃអគារ​បាក់​បែក

ទិដ្ឋភាពគំនរបាក់បែកនៃសំណង់អគារចិន ដែលបានបាក់រលំកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ (រូបថត៖ ជន ចាន់រ៉ែន)

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា​ក្រុម​ការងារ​សង្គ្រោះ​បន្ទាន់​ត្រូវ​ការ​ពេលវេលា​បន្ថែម​ទៀត​ ដើម្បី​រុះរើ​អគារ​បាក់បែក​ដើម្បី​រក​ជនរងគ្រោះ ដោយ​ថា​ស្ថានភាព​រញ៉េរញ៉ៃ​នៃ​អគារ និង​បារម្ភ​ពី​ពលរដ្ឋ​ដែល​អគារ​បាក់​លើ។

អ្នកនាំពាក្យ​សាលា​ខេត្ត​ព្រះសីហនុ​លោក ឃាង ភារម្យ មាន​ប្រសាសន៍​ថា​ រហូត​មក​ដល់​ពេល​នេះ​ក្រុម​ការងារ​សង្គ្រោះ​ដែល​មាន​មនុស្ស​ជាង​១ពាន់នាក់ កំពុង​ជួយ​រុះរើ​អគារ​បាក់​កាល​ពី​ចុង​សប្ដាហ៍​មុន។ លោក​បន្ថែម​ថា ​មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុមការងារ​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​រុះរើ​នេះ​ដោយ​សារ​ស្ថានភាព​របស់​អគារ​ដែល​បាក់​នោះ​មាន​ភាព​ស្មុគស្មាញ ដែល​ត្រូវ​ឲ្យ​ក្រុមការងារ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ប្រើ​អេស្ដាទ័រ និង​គ្រឿង​ចាក់ធំៗ​ក្នុង​ការ​រុះរើ។

លោក​ថា៖ «ព្រោះ​យើង​ត្រូវ​កាត់​ត្រូវ​កាយ​ម្ដង​មួយ​ដំណាក់កាលៗ ដើម្បី​សង្គ្រោះ​ព្រោះ​យើង​អត់​អាច​ទៅ​ចូក​ឬ​ឈូស​បាន​ទេ! ព្រោះ​មនុស្ស​ជាប់​ក្នុង​ហ្នឹង​។ អញ្ចឹង​បាន​ន័យ​ថា ​កន្លែង​ណា​ត្រូវ​កាត់​យើង​កាត់​ម្ដង​បន្តិច​ៗ ព្រោះ​បើ​សិន​យើង​កាយ​វា​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ជន​រងគ្រោះ​នៅ​ក្នុង​នោះ។ មាន​ន័យ​ថា ​ការ​រុះរើ​នេះ ​មិន​អាច​ធ្វើ​សំរុក​បាន​នោះ​ទេ គឺ​ធ្វើ​តាម​បច្ចេកទេស​របស់​គេ » ។

បើ​តាម​លោក​ ភិរម្យ ក្រៅពី​​ក្រុមការងារ​សង្គ្រោះ​របស់​កម្ពុជា​មាន​តែ​ក្រុមហ៊ុន​ចិន​ប៉ុណ្ណោះ​ដែល​បាន​បញ្ជូន​ក្រុម​ការងារ​សង្គ្រោះ​របស់​ខ្លួន​មក ដែល​លោក​បញ្ជាក់​ថា ​បច្ចេកទេស​សង្គ្រោះ​នេះ ​គឺ​អាច​ទុកចិត្ត​បាន។

គិត​មក​ដល់​ថ្ងៃ​នេះ​គឺ​មាន​រយៈពេល​៣ថ្ងៃ​ និង​២​យប់​ហើយ​ក្នុង​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ​នេះ​។

ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក អាត់ ធន់ លើក​ឡើង​ថា​ រដ្ឋាភិបាល​ពិត​ជា​បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​បាន​ច្រើន​ក្នុង​ការ​ជួយ​សង្គ្រោះ តែ​លោក​ថា​ដោយ​សារ​តែ​រឿង​នេះ​ជា​លើក​ទី​មួយ ​ដែល​ទើប​កើត​មាន​ រដ្ឋាភិបាល​គួរ​សុំ​ជំនួយ​បច្ចេកទេស​ពី​ប្រទេស​ដែល​មាន​ជំនាញ​ជួយ​សង្គ្រោះ​ក្នុង​គ្រោះថ្នាក់​របៀប​ដើម្បី​កុំ​ឲ្យ​អូស​បន្លាយ​យូរ​ដូច​នេះ។

លោកថា៖ «ការ​លើក​ឡើង​របស់​អាជ្ញាធរ​ថា ​មិន​អាច​រើ​ឲ្យ​បាន​លឿន​ដូច​នេះ​វា​ជា​ហេតុ​ផល​មួយ តែ​បើ​សិន​ជា​ទុក​រយៈពេល​យូរ​ឧទាហរណ៍​អ្នក​ណា​មួយ​គាត់​មិន​ស្លាប់ តែ​បែរ​ជា​ប្រើ​ពេល​៤ ទៅ​៥​ថ្ងៃ​រឿង​ហ្នឹង ​អាច​ធ្វើ​ឲ្យ​គាត់​ស្លាប់​បាន។ […]  ប្រសិន​ជា​យើង​សុំ​ជំនួយ​គេ​តាំង​ពី​ថ្ងៃ​ទី​១​មក ​គេ​មាន​បច្ចេកទេស គេ​ធ្លាប់​មាន​ពិសោធន៍​ គឺ​អាច​នឹង​ដឹង​អំពី​ការ​សង្គ្រោះ​បន្ទាន់​ហ្នឹង​ទាន់​ពេល​គេ​អាច​ជួយ​សង្គ្រោះ​មនុស្ស​បាន​ច្រើន​ដែរ។ តែ​មិន​ដឹង​ថា​មិច​ តើ​រដ្ឋាភិបាល​យើង​ធ្វើ​ខ្លួន​ឯង​ ឬ​ក៏​មាន​អ្នក​ជំនាញ​ខាង​ណា​គេ​ជួយ​ »។

ការ​បាក់​អគារ​៧​ជាន់ ​ដែល​កំពុង​សាងសង់​មួយ​ខ្នង នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​បាក់​រាប​ដល់​ដី ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន នឹង​​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ និង​របួស​ជា​ច្រើននាក់។ ​គិត​មក​ត្រឹម​ម៉ោង​៣រសៀលនេះ ​មាន​មនុស្ស​ស្លាប់​២៦នាក់ និង​មនុស្ស​របួស​២៤​នាក់​ហើយ ខណៈ​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន៤នាក់​បញ្ជូន​ទៅ​តុលាការ​។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃ​នេះ ​​​ក៏​បាន​សម្រេច​ចិត្ត​ដក​អភិបាល​ខេត្ត​ព្រះសីហនុ​លោក យន្ត មីន និង​អនុប្រធាន​ទី​១​នៃ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លោក ញឹម វណ្ណដា ចេញ​ពី​តំណែង​ផង​ដែរ ក្រោយ​ពី​មាន​ហេតុការណ៍​បាក់​អគារ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ