តុលាការសម្រេចឃុំខ្លួនជនជាតិចិន៤នាក់ ករណីបាក់​អគារ​នៅខេត្តព្រះសីហនុ

ទិដ្ឋភាពគំនរបាក់បែកនៃសំណង់អគារចិន ដែលបានបាក់រលំកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ (រូបថត៖ ជន ចាន់រ៉ែន)

សាលាដំបូងខេត្តព្រះសីហនុ សម្រេចឃុំខ្លួនជនជាតិចិនចំនួន៤នាក់ ពាក់ព័ន្ធករណីបាក់អគារកម្ពស់៧ជាន់ ដែលបណ្ដាលឱ្យកម្មករជាច្រើននាក់ស្លាប់ និងរងរបួស។

ក្នុងដីកាបង្គាប់ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ចៅក្រមសាលាដំបូងខេត្តព្រះសីហនុលោក សុក ហេង បានសម្រេចឃុំខ្លួនជនជាតិចិនចំនួន៤នាក់ ក្នុងមាននោះ ម្ចាស់ការដ្ឋានសំណង់ម្នាក់ ជាងសំណង់ និងអ្នក​មើលការងារក្នុងការដ្ឋាន។

ជនជាតិចិនទាំង៤នាក់នេះ ត្រូវចៅក្រមស៊ើបសួរចោទប្រកាន់ផ្សេងគ្នា ដោយម្ចាស់ការដ្ឋានសំណង់ម្នាក់ឈ្មោះ Cheng Kun និង ម្ចាស់ក្រុមហ៊ុនម៉ៅការសំណង់ឈ្មោះ Deng Xin Gul ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា បង្កឲ្យមានរបួសដោយអចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ។

ចំណែកជាងសំណង់ឈ្មោះ Gao Yu និងអ្នកមើលការងារក្នុងការដ្ឋានឈ្មោះ Xie Ya Ping ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា, សមគំនិត ក្នុងអំពើបង្កឱ្យមានរបួសដោយអចេតនា និងសមគំនិតក្នុងអំពើធ្វើឱ្យខូចដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ តាមមាត្រ២៩ ,២០៧, ២៣៦ និងមាត្រា៤១៤នៃក្រមព្រហ្មទណ្ឌ។

អ្នក​ពាក្យនាំសាលាដំបូងខេត្តព្រះសីហនុលោក លឹម ប៊ុនហេង ប្រាប់វីអូឌីបន្ថែមថា សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ។

លោកថា៖ «ចៅក្រមបានសម្រេចឃុំខ្លួនជនជាតិ៤នាក់ហើយ! ឥឡូវ កំពុងស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធ»។

ការបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បានបណ្ដាលឱ្យកម្មករស្លាប់ចំនួន២៨នាក់ និងរងរបួសចំនួន២៦នាក់។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ​ ប្រតិបត្តិការរុករកជនរងគ្រោះក្នុងអគាររលំ ត្រូវបានបិទបញ្ចប់នៅត្រឹមម៉ោង៧កន្លះយប់ ថ្ងៃទី២៤ ខែមិថុនា ម្សិលមិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ